ប្រធានទទួលបន្ទុកកិច្ចការឥស្លាមនៃរដ្ឋជូហូរ ដឹកនាំគណប្រតិភូចូលរួមពិធីប្រគល់ទទួលវិហារឥស្លាម ដារុល តាក់ហ្ស៊ីម ដែលមានតម្លៃជាង១លានដុល្លារ នៅភូមិចាមលើ ខេត្តកណ្តាល
កណ្តាល៖ គណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាឥស្លាមនៃរដ្ឋជូហូរ ប្រទេសម៉ាឡេស៊ី ដឹកនាំដោយប្រធានទទួលបន្ទុកកិច្ចការឥស្លាម រួមមាន មុហ្វតី, ប្រធាននាយកដ្ឋានអភិវឌ្ឍឥស្លាម, ទីប្រឹក្សា, និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀត បានអញ្ជើញចូលរួមពិធីប្រគល់និងទទួលវិហារឥស្លាម ដារុល តាក់ហ្ស៊ីម ស្ថិតនៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ពិធីនេះក៏បានធ្វើឡើងក្រោមវត្តមានកិត្តិយសពីលោក ឧកញ៉ា សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២២។
នាក្នុងឱកាសនោះ ឯកឧត្តម ហូសេន មហាំម៉ាត់ហ្វារីត ទីប្រឹក្សាក្រសួងធម្មការនិងសាសនា និងជាប្រធានអង្គការសម្ព័ន្ធបញ្ញវ័ន្តមូស្លីមកម្ពុជា ដែលជាអ្នកអនុវត្តគម្រោងសាងសង់វិហារឥស្លាមនេះ បានមានប្រសាសន៍អោយដឹងថា វិហារឥស្លាម ដារុល តាក់ហ្ស៊ីម មានកម្ពស់២ជាន់ ទំហំ 23m x 52m អាចទទួលអ្នកថ្វាយបង្គំសរុប៣ពាន់នាក់ និងចំណាយថវិកាសាងសង់សរុបជាង ១លាន និង៣សែនដុល្លារអាមេរិក។
ឯកឧត្តម បានចូលរួមអបអរសាទរទៅដល់ប្រជាពលរដ្ឋខ្មែរឥស្លាមនៅភូមិចាមលើទាំងអស់ ដែលទទួលបានវិហារដ៏ធំទី២ បន្ទាប់ពីវិហារអាល់សារកាល់បឹងកក់ ក្រោមកិច្ចខិតខំប្រឹងប្រឹងពី ឯកឧត្តម ផ្ទាល់និងសហការីតាំងពីឆ្នាំ២០១៥ កន្លងទៅ ដោយមានឯកឧត្តម ចៅ តុល នាយរងខុទ្ទការល័យសម្តេចតេជោ ជាប្រធានកិត្តិយសនៃគណៈកម្មការសាងសង់ និងឯកឧត្តម ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ជាប្រធានគណៈកម្មការសាងសង់។
ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ពិសេសក្រុមប្រឹក្សាឥស្លាមរដ្ឋជូហូរ និងឯកឧត្តម ចៅ តុល ផ្ទាល់ដែលបានចូលរួមផ្តល់ថវិកាក្នុងការកសាងវិហាររហូតដល់បានរួចរាល់ជាស្ថាពរ និងរៀបចំពិធីប្រគល់ទទួលនាពេលនេះ។
ជាមួយគ្នានោះ ក្នុងនាមឯកឧត្តម ចៅ តុល នាយរងខុទ្ទការល័យសម្តេចតេជោ ហ៊ុន សែន និងជាប្រធានកិត្តិយសនៃគណៈកម្មការសាងសង់វិហារឥស្លាម ដារុល តាក់ហ្ស៊ីម ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងជាប្រធានគណៈកម្មការសាងសង់វិហារ បានចូលរួមអបអរសាទរនិងដឹងគុណចំពោះអល់ឡោះជាម្ចាស់និងសប្បុរសជនទាំងអស់ ដែលបានចូលរួមកសាងវិហារដ៏ធំសម្រាប់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ជាពិសេស ក្រុមប្រឹក្សាឥស្លាមរដ្ឋជូហូរ ដែលបានផ្តល់ថវិកាសាងសង់វិហារ តាមរយៈអង្គការសម្ព័ន្ធបញ្ញវ័ន្តមូស្លីមកម្ពុជា សហការជាមួយអង្គការក្រុមប្រឹក្សាឥស្លាមអភិវឌ្ឍកម្ពុជា។
ឯកឧត្តម បន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្រជាពលរដ្ឋខ្មែរឥស្លាមទទួលបានសិទ្ធិសេរីភាពពេញលេញក្នុងការគោរពប្រតិបត្តិសាសនា និងការកសាងហេដ្ឋារចនាសម្ព័ន្ធលើវិស័យសាសនា ដូចជា សាលារៀន និងវិហារឥស្លាមជាដើម ដូចដែលយើងបានឃើញនូវសមិទ្ធផលដ៏ធំនាថ្ងៃនេះ សិទ្ធិសេរីភាពជំនឿសាសនា និងជាពិសេស សន្តិភាពពិតជាមានសារៈសំខាន់និងមានតម្លៃ ដែលធ្វើអោយសាសនាឥស្លាមរបស់យើងរីកចម្រើនដូចសព្វថ្ងៃ។
ចំណែក ឯកឧត្តម YB Tuan Mohamad Farid Bin Mohamad Khalid ប្រធានទទួលបន្ទុកកិច្ចការឥស្លាមនៃរដ្ឋជូហូរ ក៏បានចូលរួមអបអរសាទរ ដែលគម្រោងសាងសង់វិហារឥស្លាមដ៏ធំនេះបានចប់សព្វគ្រប់ជាស្ថាពរក្រោមការជួយឧបត្ថម្ភនិងជ្រោមជ្រែងពីសប្បុរសជនផ្សេងៗ ពិសេសទៅដល់ ឯកឧត្តម ហូសេន មហាំម៉ាត់ហ្វារីត និងគណៈកម្មការសាងសង់ ដែលអនុវត្តគម្រោងរហូតបានជោគជ័យដូចថ្ងៃនេះ។
ឯកឧត្តម ដាតុ Nooh Bin Gadut ទីប្រឹក្សានៃក្រុមប្រឹក្សាឥស្លាមនៃរដ្ឋជូហូរ ក៏បានចូលរួមត្រេកអរជាមួយបងប្អូនខ្មែរឥស្លាមនៅភូមិចាមលើ ដែលទទួលបានសមិទ្ធផលដ៏ល្អនេះ ហើយឯកឧត្តម បានផ្តល់អនុសាសន៍អោយបងប្អូនទាំងអស់ចូលរួមថែរក្សាវិហារនេះ និងជាពិសេស ថែរក្សាជំនឿរបស់យើងអោយបានមុតមាំតាមមាគ៌ា Ahlus Sunnah Wal Jama’ah Al-Asya’irah Wal Maturidiyah។
ដោយឡែក លោកឧកញ៉ា សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដែលអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រគល់ទទួលវិហារឥស្លាម ដារុល តាក់ហ្ស៊ីម នាពេលនេះ ក៏បានសម្តែងនូវក្តីសោមនសរីករាយជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមនៅភូមិចាមលើ ដែលទទួលបានវិហារដ៏ធំ និងស្រស់ស្អាត អាចនិយាយបានថា ជាវិហារធំទី២និងមានតម្លៃថ្លៃបន្ទាប់ពីវិហារអាល់សារកាល់ បឹងកក់។
លោកឧកញ៉ា សុះ កំរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមប្រឹក្សាឥស្លាមនៃរដ្ឋជូហូរ និងឯកឧត្តម ហូសេន មហាំម៉ាត់ហ្វារីត និងសប្បុរសជនទាំងអស់ដែលបានចូលរួមកសាងវិហារនេះនិងសូមបួងសួងពីអល់ឡោះជាម្ចាស់អោយប្រទានពរជ័យទៅដល់គ្រប់ៗគ្នា។
លោកឧកញ៉ា សុះ កំរី ក៏បានសម្តែងនូវការត្រេកអរដែល ដាតុ Nooh Bin Gadut លើកទឹកចិត្តនិងជំរុញអោយប្រជាពលរដ្ឋខ្មែរឥស្លាមចូលរួមថែរក្សាវិហារ និងជាពិសេស គោរពប្រតិបត្តិតាមមាគ៌ា Ahlus Sunnah Wal Jama’ah Al-Asya’irah Wal Maturidiyah ដែលមានតម្លៃថ្លៃលើសពីតម្លៃវិហារនេះទៅទៀត៕