ឯកឧត្តម សាយ សំអាល់៖ សម័យតេជោសន្តិភាព គឺជាឱកាសមាសសម្រាប់បងប្អូនខ្មែរអ៊ីស្លាម ប្រតិបត្តិសាសនាយ៉ាងពេញលេញ

ព្រះសីហនុ៖ “សម័យតេជោសន្តិភាព គឺជាឱកាសមាសសម្រាប់បងប្អូនខ្មែរអ៊ីស្លាមអាចគោរព​ប្រតិ​បត្តិសាសនា ជាមួយនឹងសិទ្ធិសេរីភាព បង្ហាញអត្តសញ្ញាណខ្លួនឯងបានយ៉ាងពេញលេញ”។ នេះជា​ប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុម​ការ​ងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ថ្លែងក្នុងឱកាសពិសាអាហារសាមគ្គី​ជាមួយបងប្អូន​ខ្មែរអ៊ីស្លាម នៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯក​ឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីជាក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ និងបងប្អូនខ្មែរអ៊ីស្លាម ជាច្រើនរូបទៀត។

មានមតិសំណេះសំណាល ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ឱ្យដឹងទៀតថា កម្ពុជាជា​ប្រ​ទេសពហុវប្បធម៌ ដែលបើកទូលាយ និងផ្តល់សិទ្ធិសេរីភាពពេញលេញដល់ប្រជាពលរដ្ឋ​គ្រប់រូបក្នុង​ការគោរពប្រតិបត្តិសាសនាដែលខ្លួនពេញចិត្ត។ ជាក់ស្តែង បច្ចុប្បន្ន បងប្អូនខ្មែរអ៊ីស្លាម មិនត្រឹម​តែ​អាចប្រតិបត្តិសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសិទ្ធិពេញលេញក្នុងការស្លៀក​ពាក់សម្លៀក​បំ​ពាក់ប្រពៃណី រៀនភាសា ឬ ការសាងសង់វិហារសាសនារបស់ខ្លួន ដោយគ្មានការរើសអើង និង​ឃាត់ឃាំងឡើយ។

ឯកឧត្តម បានឱ្យដឹងទៀតថា ទោះបីជាបងប្អូនខ្មែរអ៊ីស្លាម មានសិទ្ធិក្នុងការគោរពជំនឿសាសនា ក៏​ដោយ ប៉ុន្តែត្រូវធ្វើយ៉ាងណា ពង្រឹងសមត្ថភាពខ្លួន ដើម្បីជាកោសិកាល្អក្នុងសង្គម ដែលអាចចូលរួម​ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ជាតិបន្តរីកចម្រើនទៅមុខទៀត។ ប្រមុខរាជរដ្ឋាភិបាល តែងតែ​យកចិត្តទុកដាក់ដល់បងប្អូនខ្មែរអ៊ីស្លាម មិនត្រឹមតែមានតួនាទី​នៅក្នុងសហគមន៍​របស់ខ្លួនប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសក្នុងការធ្វើការងារ តួនាទីដឹកនាំទាំងក្នុងក្របខ័ណ្ឌ​រដ្ឋបាលថ្នាក់ក្រោម​ជាតិ និងថ្នាក់ជាតិផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណដល់​បងប្អូនខ្មែរអ៊ីស្លាម​ទាំង​អស់ ដែលបានទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កន្លងទៅ ដែលនេះបានបង្ហាញពីការអនុវត្តសិទ្ធិជាពលរដ្ឋរបស់បងប្អូនក្នុងការជ្រើសរើសមេដឹកនាំដែលបងប្អូនពេញចិត្ត ស្របតាមដំណើរនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Tiktok