ប្រជាពលរដ្ឋខ្មែរឥស្លាមចំនួនពីរភូមិក្នុងខេត្តកំពង់ឆ្នាំង សម្តែងអារម្មណ៍សប្បាយរីករាយក្រោយ​ទទួល​បាន​​សាច់គោគួរ​ពាន ដែលជាជំនួយពីអង្គការមូលនិធិហ្សាកាត់អាមេរិក

កំពង់ឆ្នាំង៖ សត្វគោចំនួន ១៤ក្បាល ដែលត្រូវបានបរិច្ចាគដោយបងប្អូនឥស្លាមនៅសហរដ្ឋអាមេរិក តាមរយៈអង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក (Zakat Foundation of America) ត្រូវបាន​សម្លេះ​យកសាច់ចែកជូនប្រជាពលរដ្ឋ​ខ្មែរ​ឥស្លាមមកពីពីរភូមិផ្សេងគ្នា ក្នុងខេត្តកំពង់ឆ្នាំង អំឡុងពិធីបុណ្យ​រ៉យ៉ាហាជ្ជី (Eid Ul Adha) ឆ្នាំ២០២២។

ឯកឧត្តម ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា បានមានប្រសាសន៍អោយដឹងក្នុងពិធីចែកសាច់គោដល់ប្រជាពលរដ្ឋនៅភូមិត្រពាំងខ្ទុំ និងភូមិ​ត្រ​ពាំងទឹកជ្រៅ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ថា នេះជា​គម្រោង​ប្រចាំឆ្នាំ​ដែលធ្វើឡើង​ដោយអង្គការមជ្ឈមណ្ឌល​ព័ត៌មានមូស្លីម​កម្ពុជា ហើយឆ្នាំនេះ យើង​ទទួលបានសត្វគោជាច្រើនក្បាល​ពីអង្គការមូល​និធិហ្សា​កាត់អាមេរិក ដើម្បីសម្លេះយកសាច់​ចែក​ជូន​ប្រជាពលរដ្ឋ។

ឯកឧត្តម ស្លេះ ណាស៊ី បានបន្តថា ជិត១០ឆ្នាំហើយ ដែលមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជាបាន​អនុវត្តគម្រោង​ចែកសាច់គោគួរពានជា​មួយអង្គការមូលនិធិហ្សាកាត់អាមេរិក។ ឯកឧត្តមបានថ្លែង​អំណរ​គុណដល់ម្ចាស់ជំនួយទាំងអស់នៅសហរដ្ឋអាមេរិក ដែលបានបរិច្ចាគសត្វគោទាំងនេះ ដល់​សហគមន៍ឥស្លាមនៅកម្ពុជា ទោះបីជាពួកគេនៅឆ្ងាយ និងមិនដែលស្គាល់គ្នាក៏ដោយ ជាពិសេស នៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ ប៉ុន្តែនេះគឺជាស្មារតីនៃការរួបរួមនៅក្នុង​សាសនាអ៊ីស្លាមដែល​ធ្វើឱ្យ​គម្រោងនេះអាចដំណើរការទៅបាន។

ឯកឧត្តម បានរំលឹកដល់អ្នកចូលរួមនិងអ្នកដែលទទួលបានសាច់គោគួរពាន ត្រូវ​ចូលរួមចំណែកក្នុង​ការងារអភិវឌ្ឍន៍សហគមន៍ ពីព្រោះការសម្លេះសត្វគោដើម្បីធ្វើគួរពាន គឺជាការ​បង្ហាញនូវស្មារតី​លះ​បង់ និងការរួបរួម ក៏ដូចជាវប្បធម៌ចែករំលែកដែល​សាសនាឥស្លាមបាន​បង្រៀន​តាំងពីជំនាន់ព្យាការី Ibrahim (សូមសន្តិភាពលើគាត់) មកម៉្លេះ។

ជាមួយគ្នានោះ ឯកឧត្តម ស្លេះ ណាស៊ី ក៏បានរំលឹកដាស់តឿន​ដល់ប្រជាពលរដ្ឋ​អោយបន្តការប្រុង​ប្រយ័ត្នខ្ពស់ចំពោះមេរោគកូវីដ-១៩ ដោយអំពាវនាវឲ្យប្រជាពលរដ្ឋបន្ត​អនុវត្តតាមការ​ណែនាំរបស់​រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

ឯកឧត្តមសង្ឃឹមថា អង្គការមូលនិធិហ្សាកាត់អាមេរិក នឹងបន្តជួយដល់គម្រោងនេះ និងគម្រោង​អភិ​វឌ្ឍន៍ផ្សេងៗទៀត ដើម្បីជាប្រយោជន៍ដល់សហគមន៍ និងប្រទេសជាតិយើង ជាពិសេស ឯកឧត្តម​ក៏​បានបួងសួងដល់អល់ឡោះ ឲ្យប្រោសប្រទានពរជ័យ និងផ្តល់រង្វាន់ដល់ម្ចាស់ជំនួយទាំងអស់ ចំ​ពោះអ្វីដែលពួកគេបានលះបង់។

ថ្នាក់ដឹកនាំនៃសហគមន៍ឥស្លាមតំណាងអោយប្រជាពលរដ្ឋដែលបានទទួលសាច់គោគួរពាន និង​អាជ្ញាធរ បានសម្តែងអារម្មណ៍សប្បាយរីករាយ និងដឹងគុណចំពោះម្ចាស់ជំនួយ និងក្រុមការងារ​នៃ​មជ្ឈមណ្ឌលព័ត៌មានឥស្លាមកម្ពុជា ដែលបានចែកសាច់គួរពានជូនពួកគាត់។

គួរជម្រាបថា គម្រោងគួរពាន គឺជាផ្នែកមួយនៃគម្រោងប្រចាំឆ្នាំក្នុងកម្មវិធីមនុស្សធម៌ ដែលមជ្ឈ​មណ្ឌលព័ត៌មានមូស្លីមកម្ពុជាបាននិងកំពុងអនុវត្ត ដោយសហការជាមួយសប្បុរសជន និងអង្គការ​មកពីក្រៅប្រទេស ដើម្បីលើកកម្ពស់ស្មារតីរួម និងចែករំលែកសម្រាប់សហគមន៍៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Tiktok