វិហារអ៊ីស្លាម Makki Masjid នៅចក្រភពអង់គ្លេស បើកទ្វារដើម្បីជួយមនុស្សដែលរងគ្រោះពី​រលក​កំដៅ​ដ៏ខ្លាំង

អង់គ្លេស៖ កាលពីពេលថ្មីៗនេះ ការិយាល័យ Met ដែលជាសេវាកម្មអាកាសធាតុ​របស់ចក្រភព​អង់​គ្លេស បានចេញការ​ព្រមាន​អំពី​កំដៅក្តៅខ្លាំងជាលើកដំបូងរបស់ខ្លួន។ ទន្ទឹមនឹងមានវិបត្តិ​អាកាស​ធាតុ ប្រជាជនដែលរង​ផលប៉ះពាល់ទាំងនោះ ត្រូវបានស្វាគមន៍ដើម្បី​ជៀសផុតបញ្ហាកំដៅ ពីវិហារ​អ៊ីស្លាម Makki Masjid ក្នុងតំបន់ Longsight នៃទីក្រុង Manchester។ នេះបើតាមការផ្សាយ​ដោយ​គេហទំព័រ The Islamic Information នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។

អ៊ីម៉ាំ ឬគណៈដឹកនាំវិហារឥស្លាម Makki Masjid បាននិយាយថា វិហារឥស្លាមបានបើកទ្វារទទួល​អ្នករងគ្រោះពីរលកកម្តៅ ចន្លោះម៉ោង ១រសៀល ដល់ម៉ោង ១០យប់ ដោយត្រូវបានបែងចែកតំបន់​សម្រាប់បុរសនិងស្ត្រី។ ដោយអ៊ីម៉ាំ បានគូសបញ្ជាក់ថា “ទំនួលខុសត្រូវរបស់យើងគឺមើលថែអ្នកជិត​ខាងរបស់យើង ដែលជាមជ្ឈមណ្ឌលនៃសហគមន៍របស់យើងនៅទីនេះ”។

គួរជម្រាបថា កាល​ពី​ថ្ងៃ​ចន្ទសប្តាហ៍នេះ នៅក្នុង​ទីក្រុង Nantwich រដ្ឋ Cheshire ​ភាគ​ពាយ័ព្យចក្រ​ភពអង់គ្លេស ​សីតុណ្ហភាព​បាន​ឡើង​ដល់ ៣៧អង្សារសេ ដែលបានធ្វើ​អោយប្រជាពលរដ្ឋជា​ច្រើន​រងផលប៉ះពាល់៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Tiktok