ជំនួយមនុស្សធម៌របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានបញ្ជូនទៅកាន់ប្រជាពល​រដ្ឋរងគ្រោះដោយទឹក​ជំនន់ក្នុងប្រទេសប៉ាគីស្ថាន

ប៉ាគីស្ថាន៖ មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌ King Salman បានបញ្ជូនក្បួន​រថយន្តសង្គ្រោះ​បន្ទាន់មួយ ដែលផ្ទុកដោយអាហារចំនួន ៣ពាន់កន្ត្រក ទម្ងន់ប្រហែល ២៨៥តោន ​ផ្តល់អត្ថ​ប្រយោ​ជន៍​ដល់​មនុស្ស ២១.០០០នាក់​ សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅក្នុងតំបន់ Balochistan នៃ​ប្រទេសប៉ាគីស្ថាន។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ២០២២។

លោក Mohammed Idris Mehsood សមាជិកនៃអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ​របស់​ប្រ​ទេសប៉ាគីស្ថាន បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសអារ៉ាប៊ីសាអូឌីត ស្តេច Salman និងព្រះអង្គម្ចាស់ Mohammed bin Salman សម្រាប់ការគាំទ្រដល់​ប្រទេសប៉ាគីស្ថាន​ក្នុង​គ្រា​​លំបាក ដោយបានកត់សម្គាល់ថា ជំនួយមនុស្សធម៌នឹងរួមចំណែកក្នុងការកាត់បន្ថយទុក្ខលំបាក​របស់​គ្រួសារដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​។

គួរជម្រាបថា នៅក្នុងខេត្ត Balochistan ភាគខាងត្បូងប្រទេសប៉ាគីស្ថាន មនុស្សចំនួន៥៧នាក់ ដែលរួមមាន​ទាំងស្ត្រីនិងកុមារផងដែរបានស្លាប់ដោយសារទឹកជន់លិច ខណៈ​មនុស្ស​រាប់​ពាន់​នាក់​ទៀត​ត្រូវបាត់បង់​ផ្ទះ​សម្បែង៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Tiktok