អង្គការសហប្រជាជាតិ៖ ចាប់តាំងពីខែមករា ឆ្នាំ២០២២មក មានកុមាររហូតដល់២០០នាក់បានស្លាប់ដោយសារអត់អាហារ នៅក្នុងប្រទេសសូម៉ាលី
សូម៉ាលី៖ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) បាននិយាយកាលពីល្ងាចថ្ងៃចន្ទថា យ៉ាងហោចណាស់មានកុមារ ២០០នាក់ នៅក្នុងប្រទេសសូម៉ាលីបានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភចាប់តាំងពីខែមករា ដោយប្រទេសនេះបានជួបបញ្ហាខ្វះស្បៀងដ៏មហន្តរាយជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៧មក។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារព័ត៌មាន Anadolu នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។
សេចក្តីថ្លែងការណ៍ដដែល បាននិយាយថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា មនុស្សជាង ៧លាននាក់បានរងផលប៉ះពាល់ កើនឡើងពី ៦.១លាននាក់នៅក្នុងខែឧសភា ហើយជាង ៨០៥.០០០នាក់ត្រូវបានផ្លាស់ទីលំនៅ ដោយសារតែស្ថានភាពគ្រោះរាំងស្ងួតក្នុងប្រទេសកាន់តែយ៉ាប់យ៉ឺនបន្ទាប់ពីរដូវភ្លៀងធ្លាក់លើកទីបួនជាប់គ្នាដែលមិនធ្លាប់មានពីមុនមកនៅក្នុងតំបន់ចំនួន៨ នៃប្រទេស កើនឡើងពីតំបន់ចំនួន៦ នៅក្នុងខែឧសភាឆ្នាំនេះ ដែលនាំគ្រួសារដែលរងផលប៉ះពាល់ទៅរកភាពអត់ឃ្លាន។
សេចក្តីថ្លែងការណ៍របស់ UNOCHA ធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសសូម៉ាលីបានអំពាវនាវរកជំនួយជាសាកលដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួតដ៏សាហាវនេះ។
នៅក្នុងប្រទេសសូម៉ាលី ភាពអត់ឃ្លានកំពុងកើនឡើងបន្ទាប់ពីការបរាជ័យជាប្រវត្តិសាស្ត្រលើកទី៤ ជាប់ៗគ្នានៃរដូវវស្សាចាប់តាំងពីឆ្នាំ២០២០ ដោយមានប្រជាជន ៧.១លាននាក់ ឬស្មើ ៤៥% នៃចំនួនប្រជាជន បានជួបបញ្ហាអសន្តិសុខស្បៀងរួចទៅហើយ។
ជាការឆ្លើយតបទៅនឹងគ្រោះរាំងស្ងួតនៅក្នុងប្រទេសសូម៉ាលី អង្គការសហប្រជាជាតិបាននិយាយថា ដៃគូមនុស្សធម៌របស់ខ្លួនបានចាប់ផ្តើមផែនការឆ្លើយតបគ្រោះរាំងស្ងួត និងបង្ការទុរ្ភិក្សដែលគ្របដណ្តប់ពីខែឧសភាដល់ខែធ្នូ ឆ្នាំ២០២២ ដើម្បីជួយសម្រួលដល់ការបង្កើនជំនួយសង្គ្រោះជីវិត និងទ្រទ្រង់ជីវិតដើម្បីការពារគ្រោះទុរភិក្សនៅក្នុងប្រទេស។
ផែនការនេះត្រូវការថវិកា ៩៩៣.៣លានដុល្លារ ដើម្បីអនុវត្តនិងកំណត់គោលដៅមនុស្សចំនួន ៦.៤ លាននាក់។ ប៉ុន្តែចាប់តាំងពីខែមករា មនុស្ស ៣.៩លាននាក់ប៉ុណ្ណោះបានទទួលជំនួយសង្គ្រោះជីវិត ដោយសារតែទំហំនៃការឆ្លើយតប និងការផ្តល់មូលនិធិពីសហគមន៍អន្តរជាតិគឺមិនគ្រប់គ្រាន់ដើម្បីទ្រទ្រង់ជីវិតរបស់អ្នកដែលមានហានិភ័យទាំងអស់នោះ។
អង្គការសហប្រជាជាតិ បានបញ្ជាក់ថា ការផ្តល់មូលនិធិបច្ចុប្បន្នបានត្រឹម ៤៣៥.៨លានដុល្លារ ឬ ប្រហែល ៣០% ប៉ុណ្ណោះដែលបានទទួល។
គួរជម្រាបថា កាលពីអំឡុងខែឧសភា ដល់ខែតុលា ឆ្នាំ២០១១ កន្លងទៅ នៅភាគខាងត្បូង និងកណ្តាលប្រទេសសូម៉ាលី មានអ្នកស្លាប់លើសពី ២ម៉ឺននាក់ក្នុងមួយខែដោយសារតែគ្រោះទុរភិក្ស៕