ស៊ុលតង់រដ្ឋជូហូរ នៃប្រទេសម៉ាឡេស៊ី មិនគាំទ្រអោយមានការតវ៉ាតាមដងផ្លូវដែលស្នើដោយមេដឹកនាំគណបក្ស សកម្មភាពប្រជាធិបតេយ្យ និងលើកឡើងពីផលប៉ះពាល់ជាច្រើនពីលទ្ធផលនៃការតវ៉ា
ជូហូរ៖ ស៊ុលតង់រដ្ឋជូហូរ ស៊ុលតង់ Ibrahim Sultan Iskandar មិនគាំទ្រអោយមានការតវ៉ាតាមដងផ្លូវ ដែលស្នើដោយមេដឹកនាំគណបក្ស សកម្មភាពប្រជាធិបតេយ្យ (DAP) ដោយលើកឡើងថា មានមធ្យោបាយស្ថាបនាបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហានៃការកើនឡើងតម្លៃនៃការរស់នៅនៅក្នុងប្រទេស ជំនួសឱ្យការធ្វើបាតុកម្ម។ នេះបើតាមការផ្សាយដោយសារព័ត៌មាន NST Online នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។
កាលពីពេលថ្មីៗកន្លងទៅ សមាជិកគណៈកម្មាធិការប្រតិបត្តិកណ្តាល របស់គណបក្ស សកម្មភាពប្រជាធិបតេយ្យ (DAP) Sheikh Umar Bagharib Ali បានជំរុញឱ្យសាធារណជនប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៃទីក្រុងគូឡាឡាំពួ ដើម្បីបង្ហាញពីការខកចិត្តរបស់ពួកគេចំពោះរដ្ឋាភិបាលចំពោះការកើនឡើងថ្លៃរស់នៅ។
ឆ្លើយតបនឹងការលើកឡើងបែបនេះ ស៊ុលតង់ Ibrahim Sultan Iskandar ស៊ុលតង់រដ្ឋជូហូរ នៃប្រទេសម៉ាឡេស៊ី បានលើកឡើងដោយចោទសួរថា៖ តើយើងមិនបានរៀនគ្រប់គ្រាន់ពីការតវ៉ាតាមផ្លូវដ៏បង្ហូរឈាមកាលពីអតីតកាលទេឬ? តើពួកគេបានភ្លេចកុបកម្មឆ្នាំ១៩៦៩ ហើយនិងកុប្បកម្ម Bersih ថ្មីៗនេះដែរឬទេ?។ ស៊ុលតង់ Ibrahim បានគូសបញ្ជាក់ថា វាមិនបានសម្រេចអ្វីក្រៅពីភាពវឹកវរ ការបំផ្លិចបំផ្លាញ និងស្លាកស្នាមខ្មៅលើប្រវត្តិសាស្ត្រជាតិរបស់យើងនោះទេ។
ស៊ុលតង់នៃរដ្ឋជូហូរ បានបន្ថែមថា ការតវ៉ានៅតាមដងផ្លូវមិនមែនជាវិធីរបស់ម៉ាឡេស៊ីទេ វានឹងគ្មានអ្នកឈ្នះទេ នៅពេលដែលរឿងនេះកើតឡើង នឹងមានតែអ្នកចាញ់ ហើយអ្នកណាដឹងថា វាត្រូវចំណាយពេលយូរប៉ុណ្ណាទើបស្នាមនោះជាសះស្បើយ។ មិនតែប៉ុណ្ណោះ បាតុកម្មតាមដងផ្លូវនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច បំភ័យអ្នកវិនិយោគពីការចូលមកម៉ាឡេស៊ី និងធ្វើឱ្យប្រទេសនេះត្រលប់មកវិញបន្ថែមទៀតនៅក្នុងការងើបឡើងវិញពីជំងឺរាតត្បាត Covid-19 ។
ស៊ុលតង់ Ibrahim បានបញ្ជាក់ថា ការរីកចម្រើនរបស់យើងត្រូវតែមានការប្រុងប្រយ័ត្នតាមរយៈការសន្ទនាដែលមានភាពចាស់ទុំ មិនមែនជាបាតុកម្មដែលបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពសាធារណៈ និងសន្តិសុខជាតិនោះទេ៕