ភ្លើងឆេះព្រៃស្រល់នៅក្នុងប្រទេសតួកគី បានឈានចូលដល់ថ្ងៃទី៣ បណ្តាលអោយប៉ះពាល់ព្រៃ​ប្រមាណ៣ពាន់ហិកតា ខណៈមនុស្សរាប់សិបនាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ

តួកគី៖ រហូតមកដល់ថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែមិថុនា នេះបានឈានចូលថ្ងៃទី៣ហើយ ដែលក្រុមអ្នក​ពន្លត់អគ្គីភ័យតួកគីបានតស៊ូក្នុងការពន្លត់ភ្លើងឆេះព្រៃដែលជំរុញដោយខ្យល់ ដែលបាន​ធ្វើឱ្យប៉ះ​ពាល់​ដល់ព្រៃ​ស្រល់ជិត ៣ពាន់ហិកតា​ ហើយបានជំរុញមនុស្សរាប់សិបនាក់ចេញពីផ្ទះរបស់​ពួក​គេ​។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។

យោងតាមការិយាល័យរបស់អភិបាលក្រុងតំបន់ Mugla ដែលរួមទាំង Marmaris បានឱ្យដឹងថា អគ្គី​ភ័យកំពុងឆាបឆេះនៅក្នុងទីតាំងចំនួនបីនៅជុំវិញ Bordubet។ មន្ត្រីបានបន្តថា អ្នកពន្លត់​អគ្គីភ័យ​ជាង ២៥០០នាក់ ជំនួយដោយយន្តហោះទម្លាក់ទឹក និងឧទ្ធម្ភាគចក្រ ត្រូវបានដាក់ពង្រាយ​ដើម្បី​ប្រតិបត្តិការនឹងពន្លត់ ដែលបានឆាបឆេះកាលពីថ្ងៃអង្គារ នៅក្នុងតំបន់ Bordubet ជិតទីក្រុង Marmaris នៃឆ្នេរសមុទ្រ Aegean ។ ភ្លើង​បាន​រាល​ដាល​យ៉ាង​ឆាប់​រហ័ស ដោយ​មាន​ខ្យល់​បក់​ខ្លាំង​។ បើតាមសាលាក្រុង បាននិយាយថា អាជ្ញាធរបានជម្លៀសមនុស្សជិត ២៧៥នាក់ចេញ​ពីតំបន់នេះ ដើម្បីជៀសវាងគ្រោះថ្នាក់។

ដោយឡែក លោក Vahit Kirisci រដ្ឋ​មន្ត្រី​ក្រសួង​ព្រៃ​ឈើ​ បាន​និយាយ​ថា រហូតមកដល់ពេលនេះ​ព្រៃ​ឈើ​ប្រហែល ៣ពាន់​ហិកតាត្រូវ​បាន​ប៉ះពាល់។

លោករដ្ឋមន្ត្រី បាននិយាយថា ក្រៅពីបុគ្គលិករាប់ពាន់នាក់ ឧទ្ធម្ភាគចក្រទម្លាក់ទឹកចំនួន ៤៥គ្រឿង និងយន្តហោះចំនួន ១២គ្រឿង បានចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លត់ភ្លើងនេះ។ លោក​បានបន្តថា ប្រទេសកាតាបានស្នើឱ្យបញ្ជូនឧទ្ធម្ភាគចក្រចំនួនបីគ្រឿង ខណៈដែលអាហ្សែបៃហ្សង់ នឹងបញ្ជូនយន្តហោះបន្ថែមទៀត។

គួរជម្រាបថា ប្រជាពលរដ្ឋនៅក្នុងភូមិនិងរមណីយដ្ឋាននានាត្រូវជម្លៀសចេញទៅកាន់ឆ្នេរ ដើម្បី​ជួយសង្គ្រោះតាមសមុទ្រ។ ភ្លើង​ឆេះ​ព្រៃ​ក៏​បាន​គំរាម​កំហែង​ដល់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូង​ចំនួនពីរ​ផង​ដែរ។

ចំណែកព្រះរាជអាជ្ញា ​កំពុង​ស៊ើបអង្កេត​ពី​មូលហេតុដែល​បណ្តាល​ឲ្យ​មាន​អគ្គិភ័យកើតឡើង រួម​ទាំង​ផលប៉ះពាល់ផង​ដែរ​៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Tiktok