ថ្ងៃ​អង្គារ, ខែ​មករា 18

ក្រុមហ៊ុនផលិតគ្រឿងសំអាង Lush របស់អង់គ្លេសបានប្រកាសថា នឹងបិទគណនីបណ្ដាញទំនាក់​ទំនងសង្គមទាំងអស់

អង់គ្លេស៖ ក្រុមហ៊ុន Lush ដែលជាក្រុមហ៊ុនលក់គ្រឿងសំអាងដ៏ធំមួយរបស់ប្រទេសអង់គ្លេស​ដែល​មានសាខានៅក្នុងប្រទេសចំនួន៤៨ ប៉ុន្តែភាគច្រើននៅក្នុងសហរដ្ឋអាមេរិកបានប្រកាសថា នឹង​បិទគណនីបណ្ដាញទំនាក់ទំនងសង្គម Facebook, Instagram, TikTok, និង Snapchat នៅថ្ងៃទី២៦ ខែវិច្ឆិកា បន្ទាប់ពីរឿងអាស្រូវជាច្រើនត្រូវបានលាតត្រដាងដោយបុគ្គលិករបស់ក្រុមហ៊ុន Meta ទាក់​ទងនឹងការស្រាវជ្រាវផ្ទៃក្នុងដែលបង្ហាញថា កម្មវិធីទំនាក់ទំនងសង្គមអាចធ្វើឱ្យប៉ះពាល់​ដល់សុខ​ភាពផ្លូវចិត្តរបស់យុវវ័យ បង្កើនការរើសអើង និងចែកចាយព័ត៌មានមិនពិត។

លោក Mark Constantine ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Lush បាននិយាយនៅក្នុងសេចក្តី​ថ្លែងការណ៍ថា លោកបានចំណាយពេលពេញមួយជីវិត ដើម្បីចៀសវាងការដាក់គ្រឿងផ្សំ​ដែល​បង្ក​គ្រោះថ្នាក់នៅក្នុងផលិតផល។ ឥឡូវនេះមានភ័ស្តុតាងដ៏ច្រើនលើសលប់​ដែលយើងកំពុងប្រឈម​នឹងហានិភ័យនៅពេលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដូច្នេះក្រុមហ៊ុនត្រូវតែមានវិធានការ​ដើម្បី​ចូលរួមដោះស្រាយ ដោយមិនចាំបាច់រង់ចាំឱ្យមានបទប្បញ្ញត្តិពីប្រទេសជុំវិញពិភពលោក ក្នុងការ​គ្រប់គ្រងបណ្ដាញទំនាក់ទំនងសង្គមនោះទេ។

គួរបញ្ជាក់ដែរថា កាលពីដើមខែតុលាកន្លងទៅនេះ សមាជិកសភាសហរដ្ឋអាមេរិក​បានធ្វើការចោទ​ប្រកាន់ខ្លាំងៗទៅលើក្រុមហ៊ុន Meta ថា កម្មវិធីបណ្ដាញទំនាក់ទំនងសង្គម Instagram របស់​ក្រុម​ហ៊ុនបានធ្វើឱ្យប៉ះពាល់ខ្លាំងទៅលើសុខភាពផ្លូវចិត្តរបស់កុមារ បន្ទាប់ពីសារព័ត៌មាន The Wall Street Journal បានចុះផ្សាយព័ត៌មានទាក់ទងទៅនឹង ការស្រាវជ្រាវផ្ទៃក្នុងរបស់​ក្រុមហ៊ុនហ្វេស​ប៊ុកដែលបានបង្ហាញពីការព្រួយបារម្ភថា កម្មវិធីចែករំលែករូបថត​របស់ខ្លួនកំពុងតែបំផ្លាញ​សុខុមាល​ភាពរបស់កុមារ៕

ប្រភព៖ នគបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា

 

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap