ថ្ងៃ​ចន្ទ, ខែ​ធ្នូ 6

ប្រជាពលរដ្ឋជាង១ម៉ឺន១ពាន់គ្រួសារនៅខេត្ដបន្ទាយមានជ័យដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ទទួលបានជំនួយសាច់ប្រាក់ពីកម្មវិធីស្បៀងអាហារពិភពលោក

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជាង ១ម៉ឺន១ពាន់គ្រួសារ នៅខេត្ដបន្ទាយមានជ័យដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ទទួលបានជំនួយសាច់ប្រាក់ពីកម្មវិធីស្បៀងអាហារពិភពលោក។

ពិធីផ្តល់ជំនួយនេះ បានរៀបចំធ្វើឡើងនៅតំបន់ផ្លូវវៀងក្រុង ឃុំបត់ត្រង់ ស្រុកមង្គលបូរី នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ក្រោមកិច្ចសម្របសម្រួលរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការចូលរួមជាកិត្តិយសពី ឯកឧត្តម គីម វីរៈ ទីប្រឹក្សា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់​គ្រងគ្រោះមហន្តរាយខេត្ត, លោកស្រី ក្លែ កូណាន់ តំណាង និងជានាយិការកម្មវិធីស្បៀងអាហាពិភពលោកនៅកម្ពុជា, និងឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន នាយរងសេនាធិការចម្រុះ ទទួល​ទិស​យោធភូមិភាគទី៤ និងទី៥។

ថ្លែងក្នុងកម្មវិធីផ្តល់សាច់ប្រាក់ដល់ប្រជាពលរដ្ឋ ឯកឧត្តម គីម វីរៈ បានមានប្រសាសន៍ថា ដោយមើលឃើញនូវទុក្ខលំបាក និង​ដើម្បីរួមចំណែកក្នុងការស្តារជីវភាពឡើងវិញ របស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ហើយទទួលរងគ្រោះផ្ទួនៗ ដូចជាជំងឺកូវីដ១៩ និងជាពិសេសទឹកជំនន់ផងនោះ ក្រោមភាពជាដៃគូយុទ្ធសាស្រ្តរវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជា និងមានការគាំទ្រថវិកាពីរដ្ឋាភិបាលអាល្លឺម៉ង់ (giz) ជំនួយពីពលរដ្ឋអាមេរិក (USAID) បានសម្រេចផ្តល់ជូនថវិកាដល់ ប្រជាពលរដ្ឋដែលកំពុងរងគ្រោះ នៅក្នុងខេត្តបន្ទាយមានជ័យប្រមាណ ១១,០០០ គ្រួសារ (មួយម៉ឺនមួយពាន់គ្រួសារ) សម្រាប់រយៈពេល ៣ខែ ដែលមានថវិកាសរុបប្រមាណ៥,២៨០,០០០,០០០លានរៀល (ប្រាំពាន់ពីររយប៉ែតសិបលានរៀល) ឬ ស្មើ នឹង ១.៣២លានដុល្លារអាមេរិក។

ជាមួយគ្នានេះ លោកស្រី ក្លែ កូណាន់ តំណាងនិងជានាយិកាកម្មវិធីស្បៀងអាហាពិភពលោកនៅកម្ពុជា បានលើកឡើងថា ក្រៅពីការផ្តល់ជំនួយជាសាច់ប្រាក់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ក៏កំពុងបន្តសហការគ្នាដើម្បីពង្រឹង សកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដូចជាការពង្រឹងសមត្ថភាពមន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយនៅថ្នាក់ ក្រោមជាតិ តាមរយៈការ ពង្រឹងលើការរៀបចំ និងអនុវត្តផែនការត្រៀមបម្រុង ពង្រឹងប្រព័ន្ធគ្រប់គ្រងព័ត៌មានគ្រោះមហន្តរាយ និងការជូន ដំណឹងជាមុន និង ការសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍និងភ្នាក់ងារមនុស្សធម៌នានាផងដែរ។

គួរជម្រាបថា គិតចាប់ពីទឹកជំនន់ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ការផ្តល់ជំនួយសាច់ប្រាក់ដល់គ្រួសារដែលមានជីវភាពខ្វះខាត ដែលរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តចំនួន ៥ រួមមាន ខេត្ត ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ គឺមានទឹកប្រាក់ប្រមាណជាង ២៤,០០០,០០០ ,០០០០ រៀល ឬប្រមាណជាង ៦លានដុល្លារអាមេរិក៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap