ថ្ងៃ​ព្រហស្បតិ៍, ខែ​កញ្ញា 16

តាលីបង់ប្រកាសរដ្ឋាភិបាលថ្មីនៅអាហ្វហ្គានីស្ថានជាផ្លូវការហើយ

កាប៊ុល៖ បន្ទាប់ពីបានលើកទង់នៅតំបន់ជ្រលងភ្នំ Panjshir កាលពីពេលកន្លងទៅ នៅថ្ងៃអង្គារ​តា​លី​បង់​បានប្រកាសរដ្ឋាភិបាលថ្មីនៅអាហ្វហ្គានីស្ថានជាផ្លូវការហើយ។ នេះបើតាមការផ្សាយ​ដោយ​សារព័ត៌មាន​ Al Jazeera នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។

នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុងកាប៊ុល អ្នកនាំពាក្យតាលីបង់ លោក Zabihullah Mujahid បានអោយដឹងថា តាលីបង់បានតែងតាំង លោក Mohammad Hasan Akhund ដែលជា​ជំនួយការជិតស្និទ្ធរបស់ស្ថាបនិកក្រុមគឺ លោក Mullah Omar ជាប្រធានរដ្ឋាភិបាល​ចាំផ្ទះថ្មី​របស់​អាហ្វហ្គានីស្ថាន។

ចំណែកឯលោក Abdul Ghani Baradar ប្រធានការិយាល័យនយោបាយរបស់តាលីបង់ នឹងក្លាយ​ជាអនុប្រធាន ខណៈដែលលោក Sirajuddin Haqqani កូនប្រុសរបស់ស្ថាបនិកបណ្តាញ​ហាកកានី ត្រូវ​បានតែងតាំងជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ជាមួយគ្នានោះ លោក Mullah Mohammad Yaqoob កូនប្រុសរបស់លោក Mullah Omar ត្រូវបាន​តែងតាំងជា រដ្ឋមន្ត្រីការពារជាតិ ហើយលោក Hedayatullah Badri នឹងក្លាយជា រដ្ឋមន្ត្រីក្រសួង​ហិ​រញ្ញវត្ថុ ខណៈដែលលោក Amir Khan Muttaqi អ្នកចរចាតាលីបង់នៅទីក្រុងដូហា ត្រូវបានតែង​តាំង​ជា រដ្ឋមន្ត្រីការបរទេស។

បន្ថែមពីនោះ លោក Mujahid បានអោយដឹងដែរថា អ៊ីស្លាមអេមីរ៉ាត បានសំរេចចិត្តតែងតាំងគណៈ​រដ្ឋមន្ត្រីដើម្បីបំពេញការងារចាំបាច់របស់រដ្ឋាភិបាល ដែលមានសមាជិក ៣៣ រូប នៃរដ្ឋាភិបាល​អ៊ីស្លាមថ្មីនេះផងដែរ ប៉ុន្តែនឹងត្រូវប្រកាសនៅពេលក្រោយ៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap