ថ្ងៃ​ព្រហស្បតិ៍, ខែ​កញ្ញា 16

មន្ត្រីជាន់ខ្ពស់តាលីបង់និយាយថា អង្គការសហប្រជាជាតិសន្យារក្សាជំនួយសម្រាប់ប្រជាជនអាហ្វ​ហ្គានីស្ថាន

កាប៊ុល៖ មន្រ្តីជាន់ខ្ពស់តាលីបង់ បាននិយាយថា នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអាទិត្យ នៅឯទីក្រុង​កាប៊ុល អគ្គ​លេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌ សន្យាថា​នឹងរក្សា​ជំនួយសម្រាប់​ប្រជាជនអាហ្វហ្គានីស្ថាន។ នេះបើតាមការផ្សាយដោយ​ទី​ភ្នាក់ងារព័ត៌មាន Reuter នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។

លោក Mullah Abdul Ghani Baradar ប្រធានការិយាល័យនយោបាយរបស់តាលីបង់ និងមន្រ្តីផ្សេង​ទៀតបានជួបជាមួយលោក Martin Griffiths អគ្គ​លេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុក​កិច្ច​ការ​មនុស្សធម៌ ខណៈអាហ្វហ្គានីស្ថានប្រឈមមុខនឹងវិបត្តិមនុស្ស​ធម៌ដ៏​មហន្ត​រាយដែលបង្ក​ឡើងដោយគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងសេដ្ឋកិច្ចដួលរលំ។

ពាក់ព័ន្ធនឹងកិច្ចប្រជុំនេះ អ្នកនាំពាក្យតាលីបង់ លោក Suhail Shaheen បាននិយាយនៅ​លើ​បណ្តាញសង្គម Twitter ថា គណៈប្រតិភូអង្គការសហប្រជា​ជាតិបានសន្យាបន្តផ្តល់ជំនួយ​មនុស្ស​ធម៌ដល់​ប្រជាជន​អាហ្វហ្គានី​ស្ថាន ដោយនិយាយថា អង្គការសហប្រជាជាតិនឹង​អំពាវនាវរក​ជំនួយ​បន្ថែម​ដល់អាហ្វហ្គានីស្ថាន​ក្នុង​អំឡុងពេលកិច្ចប្រជុំនៃប្រទេសម្ចាស់ជំនួយនា​ពេល​ខាងមុខ។

អាហ្វហ្គានីស្ថានដែលជាប្រទេសក្រីក្របំផុតមួយនៅលើពិភពលោកបានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដោយការបញ្ចប់ជំនួយបរទេសរាប់ពាន់លានដុល្លារភ្លាមៗ បន្ទាប់ពីការដួលរលំរបស់រដ្ឋាភិបាល​គាំទ្រ​លោកខាងលិច និងជ័យជំនះរបស់តាលីបង់កាលពីខែមុន។

អង្គការសហប្រជាជាតិត្រូវបានគេរំពឹងថា នឹងរៀបចំសន្និសីទជំនួយអន្តរជាតិសម្រាប់ប្រជាជន​អាហ្វ​ហ្គានីស្ថាននេះ នៅទីក្រុងហ្សឺណែវ នាថ្ងៃទី១៣ ខែកញ្ញាខាងមុខ៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap