ថ្ងៃ​សៅរ៍, ខែ​កញ្ញា 18

ប្រធានាធិបតីប៉ាឡេស្ទីនជួបជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ពិភាក្សាអំពីបញ្ហាសន្តិសុខ​និង​សេដ្ឋកិច្ចនៅតំបន់វេសប៊ែងដែលកាន់កាប់ដោយយោធាអ៊ីស្រាអែល និងតំបន់កាហ្សា

ប៉ាឡេស្ទីន៖ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas កាលពីថ្ងៃអាទិត្យ បានជួបជាមួយ​រដ្ឋ​មន្ត្រីការពារជាតិអ៊ីស្រាអែល លោក Benny Gantz នៅទីក្រុងរ៉ាម៉ាឡាស់ នៃតំបន់វេសប៊ែង ដើម្បី​ពិភាក្សាអំពីបញ្ហាសន្តិសុខនិងសេដ្ឋកិច្ច នៅតំបន់វេសប៊ែងដែលកាន់កាប់ដោយយោធាអ៊ីស្រាអែល និងតំបន់កាហ្សា។ នេះបើតាមការផ្សាយដោយសារព័ត៌មាន The Strait Time នៅថ្ងៃទី៣០ ខែ​សីហា ឆ្នាំ២០២១។

នេះគឺជាកិច្ចប្រជុំកម្រិតខ្ពស់បំផុតរវាងលោក Abbas និងរដ្ឋមន្ត្រីអ៊ីស្រាអែល ដែលត្រូវបាន​ប្រកាស​ជា​សាធារណៈ ចាប់តាំងពីរដ្ឋាភិបាលថ្មីរបស់អ៊ីស្រាអែល​ត្រូវបានបង្កើតឡើងនៅក្នុងខែមិថុនា។

យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោក Gantz ដែលដឹកនាំគណបក្ស​កណ្តាល​និយម បានប្រាប់លោក Abbas ថា អ៊ីស្រាអែលនឹងចាត់វិធានការដើម្បីពង្រឹងសេដ្ឋកិច្ចប៉ាឡេស្ទីន។

សេចក្តីថ្លែងការណ៍ បានគូសបញ្ជាក់ថា “ពួកគេក៏បានពិភាក្សាអំពីការផ្លាស់ប្តូរស្ថានភាពសន្តិសុខ​និង​សេដ្ឋកិច្ចនៅក្នុងតំបន់វេសប៊ែង និងនៅហ្គាហ្សាផងដែរ។

ចំណែកលោក Hussein Al Sheikh សមាជិកម្នាក់នៃគណៈកម្មាធិការកណ្តាលហ្វាតវ៉ារបស់លោក Abbas បាននិយាយថា ការពិភាក្សានេះរួមបញ្ចូលគ្រប់ទិដ្ឋភាពទាំងអស់នៃទំនាក់ទំនងប៉ាឡេស្ទីន-អ៊ីស្រាអែល។

គួរជម្រាបថា កិច្ចប្រជុំនេះបានកើតឡើងបីថ្ងៃ បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Naftali Bennett បាន​ជួបជាមួយប្រធានាធិបតីអាមេរិកនៅសេតវិមាន ដែលក្នុងពេលនោះ​លោក ចូ បៃឌិន បាន​បញ្ជាក់ជា​ថ្មីអំពីការគាំទ្រដំណោះស្រាយរដ្ឋពីរ ខណៈលោក Bennett បានរក្សាជំហនិង​ប្រឆាំង​ដាច់ខាត​ចំពោះភាពជារដ្ឋ​របស់​ប៉ា​ឡេស្ទីន៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap