នាយករដ្ឋមន្ត្រីកាណាដាចាត់ទុកការបើករថយន្តបំបុកគ្រួសារមូស្លីមកាណាដាដែលមានសមាជិក ៤នាក់អោយស្លាប់ ថាជាការវាយប្រហារភេរវកម្ម

ទីក្រុងឡុង៖ នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau កាលពីថ្ងៃអង្គារ ទី៨ ខែមិថុនា ឆ្នាំ២០២១ បាន​ចាត់ទុកការសម្លាប់សមាជិកក្រុមគ្រួសារមូស្លីមកាណាដា ៤នាក់ ដោយបុរសម្នាក់បើកឡានដឹក​ទំនិញបំបុក ខណៈពួកគេកំពុងរង់ចាំឆ្លងថ្នល់ ថាជាការវាយប្រហារភេរវកម្ម។ នេះបើតាមការផ្សាយ​ដោយសារព័ត៌មាន Arab News នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។

នៅក្នុងសុន្ទរកថាមួយនៅឯវិមានសភា លោកនាយករដ្ឋមន្ត្រីកាណាដា បាននិយាយថា “ការសម្លាប់​នេះមិនមែនជាឧប្បត្តិហេតុទេ នេះគឺជាការវាយប្រហារភេរវកម្ម ដែលត្រូវបានជម្រុញដោយ​ការស្អប់​ខ្ពើមដែលកើតចេញពីសហគមន៍មួយរបស់យើង”។

គួរជម្រាបថា គ្រួសារមូស្លីមសញ្ជាតិកាណាដាដែលមានសមាជិក៤នាក់ ក្នុងនោះ បុរសជាប្តីរួមនឹង​ប្រពន្ធ និងកូនស្រីវ័យ​ជំទង់​​ម្នាក់ ព្រមទាំងមានស្ត្រីម្នាក់ទៀតដែលជាម្តាយរបស់បុរសនោះ ត្រូវបាន​បុរសម្នាក់បើក​រថយន្ដ​ភីកអាប់ពណ៌ខ្មៅ​មួយ​គ្រឿងទៅបំបុកពួកគេបណ្តាលអោយស្លាប់ និងរង​របួសធ្ងន់លើក្មេង​ប្រុស​ម្នាក់អាយុ ៩ឆ្នាំ នៅ​ចំណុចផ្លូវបំបែកមួយក្នុងទីក្រុងឡុង ប្រទេសកាណាដា កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ។ ទោះបីយ៉ាងណា ក្រោយកើតហេតុ អ្នកបើកបរ​រថយន្តត្រូវបានឃាត់ខ្លួន​ផងដែរ។

លោក Trudeau បាននិយាយថា យើងទាំងអស់គ្នាសង្ឃឹមថា ក្មេងប្រុសតូចអាចជាសះស្បើយ​ពី​របួសបានយ៉ាងឆាប់រហ័ស ទោះបីយើងដឹងថា គាត់នឹងត្រូវរស់នៅជាមួយនឹងភាពសោកសៅ និង​កំហឹង​ដែលបណ្តាលមកពីការវាយប្រហារដោយពួកស្តាំនិយមក៏ដោយ ។

ជនរងគ្រោះទាំង៤ ត្រូវបានគេស្គាល់ថា៖ ១. ឈ្មោះ Madiha Salman អាយុ ៤៤ឆ្នាំ ជាប្រពន្ធ ដែល​បាន​បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មសំណង់ស៊ីវិល និងបរិស្ថាន ​នៅសាកល​វិទ្យាល័យ​វេស្ទើន​ ក្នុងទីក្រុងឡុង, ២. ឈ្មោះ Salman Afzaal អាយុ ៤៦ឆ្នាំ ជាប្តី, ៣. ឈ្មោះ Yumna Salman ជាកូន, និងទី៤មានអាយុ ៧៤ឆ្នាំ ត្រូវជាម្តាយរបស់លោក Afzaal។ គ្រួសារនេះមានដើមកំណើត​ប៉ាគីស្ថាន។

ចំណែកឯជនសង្ស័យមានឈ្មោះថា Nathaniel Veltman អាយុ ២០ឆ្នាំ ត្រូវបានចាប់ខ្លួនភ្លាមៗ​បន្ទាប់ពីកើតហេតុ។ ប៉ូលិសបាននិយាយថា ជនសង្ស័យត្រូវបានចោទប្រកាន់ពី​បទឃាតកម្ម​កម្រិត​ទី១ ចំនួនបួន និងការ​ប៉ុនប៉ងធ្វើឃាតចំនួន ១ករណី។

ហេតុការណ៍នេះ បាននាំមកវិញនូវអនុស្សាវរីយ៍ដ៏ឈឺចាប់នៃការបាញ់ប្រហារ​ដ៏ធំមួយនៅឯវិហារ​កេប៊ិច​ស៊ីធី កាលពីខែមករា ឆ្នាំ២០១៧ ដែលបណ្តាលអោយមនុស្ស ៦នាក់ស្លាប់ និងការបើកបរក្នុង​ទីក្រុងតូរ៉ុនតូ ដែលបានសម្លាប់មនុស្ស ១០នាក់ កាលពីខែមេសា ឆ្នាំ២០១៨ ក្នុងចំណោមការ​វាយ​ប្រហារផ្សេងទៀត។

ពាក់ព័ន្ធនឹងបញ្ហាប្រឆាំងនឹងក្រុមប្រកាន់ពូជសាសន៍និយម លោកនាយករដ្ឋមន្ត្រីបានសន្យាថា ប្រទេស​កាណាដានឹង​បង្កើនការប្រយុទ្ធរបស់ខ្លួនដើម្បីលុបបំបាត់ក្រុមប្រកាន់ជាតិសាសន៍និយម។ រឿងនេះកំពុងកើត​ឡើងនៅប្រទេសកាណាដា វាត្រូវតែបញ្ឈប់៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap