ថ្ងៃ​អង្គារ, ខែ​ឧសភា 18

កម្ពុជាទទួលបានកញ្ចប់អាហារស្រាយបួសរ៉ម៉ាឌនចំនួន១ពាន់កញ្ចប់ ដែលជាព្រះរាជអំណោយ​របស់​ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ចែកជូនប្រជាពលរដ្ឋមូស្លីម​ក្នុង​កំឡុង​ពេលបួសរ៉ម៉ាឌន

ភ្នំពេញ៖ អំណោយជាកញ្ចប់អាហារស្រាយបួសរ៉ម៉ាឌនចំនួន ១ពាន់កញ្ចប់ ដែលជាព្រះរាជអំណោយរបស់ព្រះចៅ សាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស ព្រះមហាក្សត្រនៃ​ប្រទេសអារ៉ា​ប៊ី​សាអូឌីត ​សម្រាប់ចែកជូនប្រជាពលរដ្ឋមូស្លីមកម្ពុជា​ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្ត​កណ្ដាល។

អំណោយទាំងនេះ បានផ្តល់ជូនមកកម្ពុជាតាមរយៈស្ថានទូតនៅទីក្រុងហាណូយ ដែល​តំណាង​ដោយ​ក្រសួង​កិច្ចការសាសនានៅកម្ពុជា និងតាមរយៈតំណាងការិយាល័យក្រុមប្រឹក្សាឥស្លាម​នៅ​កម្ពុជា​។

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ អំណោយចំនួន ៤០០កញ្ចប់ ត្រូវបានចែកជូនប្រជាពលរដ្ឋរស់នៅ​សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ក្រោមអធិបតីភាព ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុកបេសកកម្មពិសេស។

ដោយឡែក នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ កញ្ចប់អាហារស្រាយបួសរ៉ម៉ាឌនចំនួន ៣០០​កញ្ចប់​ទៀត ក៏បានធ្វើការចែកជូនប្រជាពលរដ្ឋដែលរស់នៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ផង​ដែរ ក្រោមវត្តមានកិត្តិយសរបស់ ឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់​នៃសាសនា​ឥស្លាម​នៃកម្ពុជា​។ ចំណែកកញ្ចប់អាហារមួយចំនួនទៀត គឺសម្រាប់ចែកជូនប្រជាពល​រដ្ឋមូស្លីមដែលរស់​នៅ​ខេត្ត​កណ្តាល។

អំណោយដែលចែកជូនប្រជាពលរដ្ឋនាពេលនេះ ក្នុងកញ្ចប់នីមួយៗរួមមាន៖ អង្ករ ១៥ គ.ក្រ, ស្ករ​ស ២​ គ.ក្រ, ទឹកដោះគោខាប់ ២​កំប៉ុង, ត្រីខ ៥កំប៉ុង, មី ១០កញ្ចប់, ប្រេងឆា ១ លីត្រ, និងទឹកត្រី ១ដប។

គួរជម្រាបថា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១កន្លងទៅ ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ី​សាអូ​ឌីត បានកំណត់កម្មវិធីផ្តល់ជំនួយ​កញ្ចប់​អាហារស្រាយបួស​ទៅកាន់ប្រទេស​ចំនួន១៦​នៅជុំវិញ​ពិភព​លោក សម្រាប់ចែកជូនប្រជាពលរដ្ឋមូស្លីមក្នុងអំឡុង​ពេល​បួស​រ៉ម៉ាឌន៕

 

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap