ថ្ងៃ​អង្គារ, ខែ​ឧសភា 18

ប្រធានាធិបតីប្រទេសឆាដលោក Idriss Deby បានស្លាប់ក្រោយប្រកាសឈ្នះឆ្នោតបានមួយថ្ងៃ ដោយសារការរងរបួសដោយការប៉ះទង្គិចជាមួយក្រុមឧទ្ទាមនៅភាគខាងជើងប្រទេស

ឆាដ៖ ប្រធានាធិបតីប្រទេសឆាដ លោក Idriss Deby ដែលបានគ្រប់គ្រងប្រទេស​អស់រយៈ​ពេល​ជាង ៣០ឆ្នាំ និងជាសម្ព័ន្ធមិត្តដ៏សំខាន់របស់លោកខាងលិច​ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម​សកម្ម​ប្រយុទ្ធនៅអាហ្វ្រិក បានស្លាប់ខណៈពេលលោកចូលរួមជាមួយនឹងទ័ពជួរមុខដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងក្រុមឧទ្ទាមនៅភាគខាងជើងប្រទេស។ នេះបើតាមការផ្សាយដោយសារព័ត៌មាន រ៉យទ័រ។

លោក Idriss Deby មានអាយុ ៦៨ឆ្នាំ បានឡើងកាន់អំណាចនៅក្នុងការបះបោរមួយក្នុងឆ្នាំ ១៩៩០ និងជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំដែលកាន់អំណាចយូរបំផុត​នៅទ្វីប​អាហ្វ្រិក​ដោយរួចផុតពីការប៉ុនប៉ងធ្វើរដ្ឋប្រហារនិងការបះបោរជាច្រើន។

មរណភាពរបស់គាត់ ត្រូវបានប្រកាសនៅថ្ងៃបន្ទាប់ពីគាត់ត្រូវបានគេប្រកាសថាជាអ្នកឈ្នះនៃការបោះឆ្នោតប្រធានាធិបតី ដែលនឹងផ្តល់ឱ្យគាត់នូវអាណត្តិទី ៦ ពោលគឺនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ។

អ្នកនាំពាក្យយោធាលោក Azem Bermendao Agouna បាននិយាយថា កូនប្រុសរបស់ Deby គឺលោក Mahamat Kaka ត្រូវបានតែងតាំងជាប្រធានាធិបតីបណ្តោះអាសន្នដោយក្រុមប្រឹក្សាយោធានៃមន្ត្រីយោធា។

អង្គការសហប្រជាជាតិ (UN) បានប្រកាសចូលរួមសោកស្តាយដល់ក្រុមគ្រួសារនៃប្រធានាធិបតីប្រទេសឆាត ក្រោយទទួលបានដំណឹងអំពីការស្លាប់របស់លោក។

អគ្គលេខាធិការ UN លោក Antonio Guterres បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រធានាធិបតី Idriss Deby គឺជាដៃគូសំខាន់របស់អង្គការសហប្រជាជាតិ និងបានចូលរួមវិភាគទានយ៉ាងសំខាន់ដល់ស្ថេរភាពក្នុងតំបន់ ជាពិសេស ផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មអំពើជ្រុលនិយមនិងឧក្រិដ្ឋកម្មនៅក្នុងតំបន់សាហែល៕

Please follow and like us:
Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap